ក្រុមប្រាសាទសម្បូរព្រៃគុក គឺជាក្រុមប្រាសាទធ្វើអំពីឥដ្ឋតាន់/ថ្មបាយក្រៀម និងថ្មភក់ ដែលស្ថិតនៅភូមិសម្បូរ ស្រុកសម្បូរ ប្រមាណជា ២៥គីឡូក្រាម ពីទីរួមខេត្តកំពង់ធំ។ ក្រុមប្រាសាទសម្បូរព្រៃគុកត្រូវបានស្ថាបនាឡើងជាលើកដំបូងបង្អស់ ដោយព្រះមហាក្សត្រខ្មែរ នាសម័យបុរេអង្គរបីព្រះអង្គដ៏ខ្លាំងពូកែ គឺព្រះបាទភវរ្ម័នទី១ ព្រះបាទស្រីមហេន្ទ្រវរ្ម័នចិត្រសេនា និងព្រះបាទឥសានវរ្ម័ន នៅចុងសតវត្សរ៍ទី ៦ និងដើមសតវត្សរ៍ទី៧ ។ បន្ទាប់មកទៀត វាត្រូវបានស្ថាបនាបន្ថែម ជាបន្តបន្ទាប់រហូតដល់ដើមសតវត្សរ៍ទី ១០នៃគ.ស មុនការផ្លាស់ទីតាំងនៃព្រះរាជធានីចេនឡាទៅកាន់តំបន់គូលែន នៅខេត្តសៀមរាបបច្ចុប្បន្ន។
សូមជម្រាបត្រង់នេះថា ក្រុមប្រាសាទសម្បូរព្រៃគុក ដែលបានចែកចេញជាបីក្រុមធំៗ និងក្រុមឧបសម្ព័ន្ធនានានោះ គឺមិនមែនជាទីក្រុងឥសានបុរៈ ឬឥសានបុរីរបស់ព្រះបាទឥសានវរ្ម័នទី ១ (៦១៥-៦៣៥ គ.ស) នោះទេ។ ក៏ប៉ុន្តែ ក្រុមប្រាសាទទាំងឡាយនៃទីក្រុងឥសានបុរៈ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងនៃក្រុមប្រាសាទទាំង ៣ខាងលើនេះឡើយ។
ស្លាករមណីយដ្ឋាន ប្រាសាទសម្បូរព្រៃគុក នៅមាត់ផ្លូវចូល ក្រុមប្រាសាទសម្បូរព្រៃគុក នៅខេត្តកំពង់ធំ (ម.ត ២០១១)
ម្យ៉ាងវិញទៀត ការសរសេរពាក្យគុហ៍ ដោយអ្នកនិពន្ធខ្លះ គឺជាពាក្យមិនសមស្របនឹងអត្ថន័យដើមឡើយ ពោលគឺជាការខុសឆ្គងមួយដែលតម្រូវឲ្យមានការបំភ្លឺនៅទីនេះ។
ជាបឋម សូមបញ្ជាក់ថា សម្បូរ ព្រៃគុក គឺជាអក្សរផ្សំរវាងពាក្យទាំង ៣ម៉ាត់ គឺពាក្យសម្បូរព្រៃ និង គុក។ អ្នកស្រាវជ្រាវបារាំងដំបូងបង្អស់ពីរនាក់គឺ លោក អាដឺម៉ារ ឡឺក្លែរ និងលោក ហង់រី ប៉ារម៉ាំងទីយេ ដែលបានសិក្សាក្រុមប្រាសាទសម្បូរព្រៃគុកមុនដំបូងបង្អស់បានសរសេរថា គុក (Kuk) ដែលមានន័យថា ប៉មយាម ប្រាសាទ, កុដ, វិហារ (tour) ហើយនេះជាអ្វីមួយដែលអ្នកស្រាវជ្រាវ ក្រោយមកទៀតដូចជា លោក ដឺឡាហ្សុងគីយ៉ែរ៍ និងហ្គ្រោលីយេរ៍ បានគោរពប្រតិបត្តិតាមរហូតបច្ចុប្បន្ន។
ដូចទើបពោល ពាក្យថា គុក (Kuk) ជាពាក្យខ្មែរ ដែលតាមធម្មតា មានន័យថា ប្រាសាទជាហូរហែ។ រីឯពាក្យសម្បូរ គឺជាឈ្មោះរបស់ភូមិមួយដែលស្ថិតជិតក្រុមប្រាសាទទាំងនោះ។ ចំណែកពាក្យព្រៃវិញ សំដៅព្រៃឈើ។ សេចក្តីត្រង់នេះ មានសារសំខាន់ណាស់ ព្រោះពាក្យគុក ត្រូវបានឮហើយ កត់ត្រានៅចុងសតវត្សរ៍ទី ១៩ និង ដើមសតវត្សរ៍ទី ២០ មកម្ល៉េះ ដោយប្រវត្តិវិទូដ៏ល្បីៗ ដែលបានអញ្ជើញមកស្រាវជ្រាវក្រុមប្រាសាទទាំងនោះមុនគេ។
ដូចនេះ ពាក្យទាំងបីម៉ាត់ សម្បូរព្រៃគុកនេះ មានន័យយ៉ាងជាក់ច្បាស់ថា ’ព្រៃស្តុក ដោយគុក ឬប្រាង្គប្រាសាទ” (La foret aux tours) ហើយសំដៅយកក្រុមប្រាសាទទាំងឡាយ ដែលមាននៅលើទីតាំងនេះទាំងមូល។
ជាអវសាន ពាក្យគុកនេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ជាតិយើង ប្រើប្រាស់ជាផ្លូវការរហូតដល់សព្វថ្ងៃដែរ ម្ល៉ោះហើយ ពាក្យគុហ៍ ត្រូវទុកថាជាមោឃៈ៕F
(ម.ត្រាណេ)
ស្ថិតនៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានចម្ងាយប្រមាណជា ៤,៦គ.ម ពីកំពង់ថ្ម ប្រាសាទត្នោតជុំត្រូវបានកសាងឡើងក្នុងអម្លុងស.វទី១០នៃគ.ស។ ប្រាសាទត្នោតជុំ ដែលជាប្រាសាទទោលកសាងអំពីឥដ្ឋ មានរាងជា៤ជ្រុងស្មើ ហើយមានគូទឹកហ៊ុំព័ទ្ធជុំវិញ តែបានរីងស្ងួតទៅហើយ។ ជ្រុងនីមួយៗនៃបូជនីយដ្ឋាននេះ មានប្រវែង ៤,៤០ម ហើយសំណង់ស្ថាបត្យកម្មនេះនៅឡើយ។ លើកលែងតែផ្ទាំងផ្តែរ ទើបតែធ្លាក់ជ្រុះនៅលើដីកាលពីឆ្នាំ ១៩៩៦ តែប៉ុណ្ណោះ។
ប្រាសាទត្នោតជុំ ខាងលិច និង ក្បាច់ផ្តែរដែលជ្រុះលើដី (ម.ត ១៩៩៤)
ខុសពីប្រាង្គប្រសាទដទៃៗឯទៀតក្នុងជំនាន់នោះ ប្រាសាទត្នោតជុំ បែរមុខទៅទិសខាងជើង ហើយដំបូលមាន ៤ថ្នាក់ ត្រួតលើគ្នាយ៉ាងសមសួន។ ជាអកុសល ថ្មលំអកំពូលប្រាសាទ បានបាត់បង់ទៅហើយ។ ក្បាច់សសរពេជ្រមាន៨ជ្រុង មានចម្លាក់ជាខ្សែបន្ទាត់ជាច្រើនជាន់។
សូមបញ្ជាក់ផងដែរថា នៅលើផ្តែរយើងបានឃើញកាលពីឆ្នាំ ១៩៩៥ នូវចម្លាក់ព្រះឥន្ទ្រធិរាជប្រថាប់លើដំរី ហើយនៅពីផ្នែកខាងលើមានឆ្លាក់រូបមនុស្សជាជួរគួរឲ្យចាប់អារម្មណ៍។ នៅទីនេះដំរីមានក្បាលមួយទេ ហើយអមដោយតោពីរ ដែលកំពុងខ្ជាក់ក្បាច់ស្លឹកឈើ ដោយនៅខាងចុងមានរូបម្ករខ្ជាក់តោ។ បើយោងលើសំណៅសិលាចារឹកដែលគេផ្តាមលេខរៀង K.143 យើងដឹងថា មានអំណោយជាដីព្រៃរំដេង ថ្វាយចំពោះមូលនិធិសាសនារបស់ព្រះអាទិទេពនៃលិង្គបុរៈ និងព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលបានសោយទិវង្គតទៅហើយ ព្រះនាមថា អង្វេទន្លេ ហើយតាមសំណូមពររបស់ម្រាតាញស្រី សង្គ្រាមទរុន នៅឆ្នាំ ៩៥២ ព្រះមហាក្សត្រព្រះបាទរាជេន្ទ្រវរ្ម័ន បានត្រាសបង្គាប់ឲ្យគេកំណត់ព្រំប្រទល់ដី ហើយនៅឆ្នាំ ៩៧៧ ព្រះបាទជ័យវរ្ម័នទី៥ ទ្រង់បានស្ថាបនាបូជនីយដ្ឋានដ៏សំខាន់នេះ ដោយទ្រង់ថែមទាំងប្រទានអ្នកបម្រើចំនួន ១៥នាក់ និងសត្វពាហនៈមួយចំនួនផង។
ម្យ៉ាងវិញទៀត នៅចុងអត្ថបទនៃសិលាចារឹក យើងក៏បានឃើញនូវពរជ័យចំពោះជនណាដែលថែរក្សាប្រាសាទនេះ និងពាក្យបណ្តាសារចំពោះជនណាដែលបំផ្លាញ។
សូមបញ្ជាក់ផងដែរថា នៅពេលចុះទៅសិក្សា នៅឆ្នាំ១៩៩៤ យើងបានឃើញបង្គោលថ្មមួយមានឆ្លាក់រូបនៃព្រះពុទ្ធ៣អង្គ ក្នុងឥរិយាបទសមាធិ ព្រមទាំងសីមាវត្តមួយចំនួន។ ជាហេតុនាំឲ្យឃើញថា នៅលើទីតាំងនៃប្រាង្គប្រាសាទនេះ មានការគោរពបូជាលទ្ធិព្រះពុទ្ធសាសនាផងដែរ។ ក៏ប៉ុន្តែ អ្វីដែលទើបពោល គឺគ្រាន់តែជាគំនិតមួយតែប៉ុណ្ណោះ។ ព្រោះគ្មានហេតុផល អ្វីដែលហាមយើងមិនឲ្យនិយាយថា បង្គោលសីមាវត្តទាំងនោះ គឺត្រូវបានធ្វើឡើងដោយថ្មនៃប្រាសាទចាស់។ មានន័យថា បង្គោល ឬសន្លឹកសីមាវត្តទាំងនោះ និងសំណង់ប្រាសាទមិនត្រូវបានកសាងឡើងក្នុងសម័យកាលតែមួយទេ ពោលគឺនៅសម័យក្រោយ៕ (ម.ត្រាណេ)
នៅក្នុងអតីតព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម័យចេនឡាពីចុងសតវត្សទី៦ ដល់សតវត្សទី៨ វិស័យស្ថាបត្យកម្មមានភាពលូតលាស់គួរឲ្យស្ងប់ស្ងែងក្រែលែង ។ ក្នុងនោះស្ថាបត្យកម្មប្រាង្គប្រាសាទ ដែលជាសំណង់សាសនាដ៏ពិសិដ្ឋបានដើរតួនាទីយ៉ាងសំខាន់ ដូចករណីក្រុមប្រាសាទស្រីគ្រប់លក្ខណ៍ដែលបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញសាសនា ជាពិសេសគណសិវ និងវិស្ណុនិយម ។
ក្រុមប្រាសាទស្រីគ្រប់លក្ខណ៍ ស្ថិតនៅខាងស្តាំ ហើយឆ្ងាយពីដងផ្លូវលំ ទៅកាន់ក្រុមប្រាសាទតាមាន ប្រមាណជា៦០០ម៉ែត្រ ។ ម្យ៉ាងវិញទៀត ក្រុមប្រាសាទខាងលើនេះក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុមប្រាសាទមួយក្រុមទៀត ដែលមានឈ្មោះថា ក្រុមប្រាសាទរបងរមាស ពោលគឺត្រឹមតែ១០០ម៉ែត្រ នៅទិសត្បូងឆៀងខាងកើតតែប៉ុណ្ណោះ ។ នេះបើតាមការប៉ាន់ស្មានរបស់យើងនៅឆ្នាំ១៩៩៤-១៩៩៥ ក្នុងខណៈ ដែលទីតាំងនៃក្រុមប្រាសាទទាំងនោះ មិនទាន់ត្រូវបានឆ្ការនៅឡើយដោយអភិរក្សដ្ឋានអង្គរ ក្រោមការដឹកនាំរបស់លោក អួង វន ។ មាន យើងជាអ្នកទទួលបន្ទុកខាងផ្នែកការពារបេតិកភណ្ឌជាតិ ។
តើឈ្មោះនៃក្រុមប្រាសាទគ្រប់លក្ខណ៍ខាងលើនេះ ដែលជារួមមានសំណង់ស្ថាបត្យកម្មប្រាសាទបុរាណទាំងអស់ចំនួន៦គឺ K9, K11, K12, K13 និង K16 នោះ មានអត្ថន័យយ៉ាងដូចម្តេច ហើយមានប្រភពមកពីណាដែរ ។
ប្លង់ក្រុមប្រាសាទស្រីគ្រប់លក្ខ និង ចម្លាក់នាងយមុនា នៅប្រាសាទ K.10 ឬ F (Cf. Bruno Bruguier, Juliette Lacroix, 2010. Sambor Prei Kuk et le bassin du Tonl– Sap, Guide arch–ologique du Cambodge, Tome II)
ជាបឋមអ្វីដែលគួរកត់សម្គាល់ គឺថា តាំងពីបុរាណកាលមក ប្រជាជនខ្មែរដែលរស់នៅតាមភូមិស្រុក ក្នុងព្រះរាជណាចក្រកម្ពុជា ពិសេសក្បែរប្រាសាទបុរាណបាក់បែក បានយកឈ្មោះរបស់មនុស្ស ទេវតា រុក្ខជាតិ ភ្នំ ឬពណ៌ ជាដើម ដើម្បីតាំងឈ្មោះ ឲ្យប្រាសាទយ៉ាង ច្រើនដែលធ្វើឲ្យអ្នកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ដូចនេះតាមរយៈការស្រាវជ្រាវក៏ដូចការស៊ើបសួរព័ត៌មានពីអ្នកស្រុកកន្លងមក (១៩៩៣-១៩៩៧) បានឲ្យដឹងថា ឈ្មោះ ប្រាសាទស្រីគ្រប់លក្ខណ៍ខាងលើនេះ មិនមែនជារឿងចៃដន្យកើតឡើងដោយខ្លួឯង ។ ក៏ប៉ុន្តែជាប់ពាក់ ព័ន្ធទៅនឹងជំនឿសាសនាបែបព្រហ្មណ៍និយមទៅវិញ ។ បើនិយាយម្យ៉ាងទៀត ការតាំងឈ្មោះស្រីគ្រប់លក្ខណ៍ ដូច្នេះហាក់ដូចជាសមស្របទៅនឹង បរិបទវប្បធម៌របស់ប្រជាជនខ្មែររស់នៅទីនោះ ដែលពីមុនបានកាន់លទ្ធិព្រហ្មញ្ញសាសនា ដើម្បីងាយស្រួល និងសម្គាល់លក្ខណៈរបស់ប្រាង្គ ប្រាសាទទាំងនោះ ស្របតាមនិន្ននាការមនោគមវិទ្យាសាសនា ។ ខាងលើនេះ គឺការប៉ាន់ស្មានក្នុងដំណាក់កាលដំបូង ដែលបន្ទាប់មកក៏ត្រូវ បានគូសបញ្ជាក់តាមរយៈរបកគំហើញខាង បុរាណវិទ្យា គឺរូបចម្លាក់ ។ សូមរំលឹកថា ឈ្មោះប្រាសាទស្រីគ្រប់លក្ខណ៍ គឺជាឈ្មោះសំដៅទៅ លើព្រះអាទិទេព ភេទស្រីមួយអង្គ ដែលគេបានធ្លាក់នៅលើស៊ុមទ្វារថ្មនៃប្រាសាទ K10 ដែលជាប្រាសាទសំខាន់ជាងគេក្នុងបណ្តា ប្រាសាទនានា ដោយមានហោត្រៃពីរ ឆ្វេង ស្តាំ អមសងខាង ។ តួនាទីចម្បងរបស់ប្រាសាទនេះក៏ត្រូវបានបង្ហាញ ឬឆ្លុះបញ្ចាំងតាមរយៈអត្ថបទ សិលាចារឹក ដ៏វែងមួយជាភាសាសំស្ក្រឹតចារលើសសរស្តម្ភខាងជើងនៃប្រាសាទដែលមានមុខបែរទៅទិសខាងកើតដែរ ។ ត្រង់នេះ បើធ្វើការពិចារណា គេនឹងឃើញថា ការតាំងឈ្មោះបែបនេះ ក៏ដោយសារតែចម្លាក់ខាងលើនេះ ដែលតំណាងឲ្យព្រះ នាងយមុនា ឬព្រះនាងគង្គាមកពី ឥណ្ឌាដែលជាទេពធីតានៃទន្លេបឹងបួរប្រកបដោយគុណសម្បត្តិគ្រប់ប្រការ ឬគ្រប់ លក្ខណៈ ។
ទោះជាយ៉ាងណាក៏ដោយ ក៏ការតាំងឈ្មោះនៃក្រុមប្រាសាទឥដ្ឋនាសម័យបុរេអង្គរ ខាងលើនេះ ត្រូវបានអនុវត្តន៍ឡើងដោយសារ តែជំនឿលើព្រះបារមីជ័យចេស្តារបស់ព្រះអាទិទេពភេទស្រីដែរ ។ ព្រោះប្រជាជនខ្មែរតាំងពីយូរលង់ណាស់មកហើយ តែងតែគោរពបូជា ព្រះអាទិទេពអង្គនេះ ដែលក្រៅពីសោភ័ណភាព ឬសម្រស់ និង ចរិយាសម្បត្តិឥតខ្ចោះរបស់ស្ត្រីភេទ ដែលជាតម្លៃសកលនោះ ព្រះនាងក៏តំណាងឲ្យភាពផូផង់នៃជីវិតផងដែរ ។
កាន់តែច្បាស់ជាងនេះ នៅមានលក្ខណៈពិសេសមួយទៀត ដែលគប្បីត្រូវលើកបង្ហាញនៅទីនេះដែរ ដើម្បីបញ្ជាក់ឲ្យឃើញនិមិត្តរូប ប្រាកដរបស់ចម្លាក់ខាងលើ គឺព្រះនាងតំណាងឲ្យទឹកដែលជាប្រភពនៃជីវិត ។ កុំភ្លេចថា ចំពោះខ្មែរបុរាណ ទឹកគឺជាជីវិត ហើយទីណាមាន ទឹកគឺមានជីវិត ។ ហើយទឹកនៅទីនេះតំណាងដោយរូបសត្វអណ្តើកដែលព្រះនាងជាន់ពីលើជាសក្ខីកម្មស្រាប់ ។ បើតាមប្រសាសន៍របស់អ្នក ស្រុកភូមិចាស់ៗ ពីសម័យដើមគេរមែងតែមកទីនេះបន់ស្រន់អង្វររកព្រះនាង ដើម្បីសូមទឹកភ្លៀងធ្វើស្រែចំការ ដោយមានការបញ្ជូលរូបថែម ទៀតផង (តុលា ១៩៩៤) ។ តែឥឡូវនេះក្រោយពីឆ្នាំ១៩៧០ ប្រពៃណីនេះក៏ត្រូវអាសាបង់ទៅ ។
រួមសេចក្តីមក ការឆ្លាក់រូបព្រះនាងគង្គាដែលប្រថាប់ឈរក្រោមឆ័ត្រ ហើយជើងជាន់លើសត្វអណ្តើក នៅលើប្រអប់ទ្វារនៃប្រាសាទ ដែលអ្នកស្រុកចាត់ទុកថា ជាព្រះនាងស្រីគ្រប់លក្ខណនោះ និងការតាំងឈ្មោះ នៃក្រុមប្រាសាទនេះថា ជាក្រុមប្រាសាទស្រីគ្រប់លក្ខណ បញ្ជាក់យ៉ាងច្បាស់ផងដែរអំពីតួនាទី និងសារសំខាន់នៃប្រាង្គប្រាសាទខ្មែរ ដែលបង្កប់នូវអត្ថន័យស៊ីជម្រៅគួរឲ្យយកចិត្តទុកដាក់ជាទីបំផុត ៕ (ម.ត្រាណេ)