About Bopha Kampongthom Radio (FM106.5MHz)

Vision: Sharing reliable information to SME and Cambodians

Mission: Provide​​​ Professional Communication and fun listening entertainment program to SME andCambodians.

Background: This is a young dynamic radio group service in Cambodia combined with wide-range of local knowledge who are superior in the context of direct marketing focus.

This group of expertise is established to help firms or organization to reach the real market information with cost effective manners through effective communication.

The group also supported with high level of experienced locals consultant also.

......With the idea of the cost effective manner and cost advantage to the clients

Why not use our resources?

សម្បូរ​ព្រៃគុហ៍ ឬ​សម្បូរ​ព្រៃ​គុក​?

ក្រុម​ប្រាសាទសម្បូរព្រៃគុក គឺជា​ក្រុម​ប្រាសាទ​ធ្វើអំពី​ឥដ្ឋតាន់​/​ថ្មបាយក្រៀម និង​ថ្មភក់ ដែល​ស្ថិតនៅ​ភូមិ​សម្បូរ ស្រុក​សម្បូរ ប្រមាណ​ជា ២៥​គីឡូក្រាម ពី​ទី​រួម​ខេត្តកំពង់ធំ​។ ក្រុម​ប្រាសាទសម្បូរព្រៃគុក​ត្រូវបាន​ស្ថាបនា​ឡើងជា​លើកដំបូង​បង្អស់ ដោយ​ព្រះមហាក្សត្រ​ខ្មែរ នា​សម័យ​បុ​រេ​អង្គរ​បី​ព្រះអង្គ​ដ៏​ខ្លាំងពូកែ គឺ​ព្រះបាទ​ភ​វរ្ម័នទី​១ ព្រះបាទ​ស្រី​ម​ហេ​ន្ទ្រ​វរ្ម័ន​ចិត្រ​សេនា និង​ព្រះបាទ​ឥសាន​វរ្ម័ន នៅ​ចុង​សតវត្សរ៍​ទី ៦ និង​ដើម​សតវត្សរ៍​ទី៧ ។ បន្ទាប់មកទៀត វាត្រូវបាន​ស្ថាបនា​បន្ថែម ជា​បន្តបន្ទាប់រហូតដល់​ដើម​សតវត្សរ៍​ទី ១០​នៃ​គ​.​ស មុន​ការផ្លាស់​ទីតាំង​នៃ​ព្រះរាជ​ធានី​ចេនឡា​ទៅកាន់​តំបន់​គូលែន នៅ​ខេត្តសៀមរាប​បច្ចុប្បន្ន​។​
​    ​សូម​ជម្រាប​ត្រង់នេះ​ថា ក្រុម​ប្រាសាទសម្បូរព្រៃគុក ដែលបាន​ចែកចេញជា​បី​ក្រុម​ធំៗ និង​ក្រុម​ឧបសម្ព័ន្ធនានានោះ គឺមិនមែនជា​ទីក្រុង​ឥសាន​បុ​រៈ ឬ​ឥសាន​បុរី​របស់​ព្រះបាទ​ឥសាន​វរ្ម័នទី ១ (៦១៥-៦៣៥ គ​.​ស​) នោះទេ​។ ក៏​ប៉ុន្តែ ​ក្រុម​ប្រាសាទ​ទាំងឡាយ​នៃ​ទីក្រុង​ឥសាន​បុ​រៈ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​នៃ​ក្រុម​ប្រាសាទ​ទាំង ៣​ខាងលើនេះ​ឡើយ។​

ស្លាក​រមណីយដ្ឋាន ប្រាសាទសម្បូរព្រៃគុក នៅ​មាត់​ផ្លូវ​ចូល ក្រុម​ប្រាសាទសម្បូរព្រៃគុក នៅ​ខេត្តកំពង់ធំ (​ម​.​ត ២០១១)​

​    ​ម្យ៉ាងវិញទៀត ការសរសេរ​ពាក្យ​គុ​ហ៍ ដោយ​អ្នកនិពន្ធ​ខ្លះ គឺជា​ពាក្យ​មិន​សមស្រប​នឹង​អត្ថន័យ​ដើមឡើយ ពោលគឺ​ជាការ​ខុសឆ្គង​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​បំភ្លឺ​នៅទីនេះ​។ 
​ជាបឋម សូមបញ្ជាក់ថា សម្បូរ ព្រៃ​គុក គឺជា​អក្សរ​ផ្សំ​រវាង​ពាក្យ​ទាំង ៣​ម៉ាត់ គឺ​ពាក្យ​សម្បូរ​ព្រៃ និង គុក​។ អ្នកស្រាវជ្រាវ​បារាំង​ដំបូងបង្អស់​ពីរ​នាក់​គឺ លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ និង​លោក ហង់​រី ប៉ារ​ម៉ាំង​ទី​យេ ដែល​បាន​សិក្សា​ក្រុម​ប្រាសាទសម្បូរព្រៃគុក​មុនដំបូង​បង្អស់​បានសរសេរថា គុក (Kuk) ដែល​មានន័យថា ប៉ម​យាម ប្រាសាទ​, កុ​ដ​, វិហារ (tour) ហើយ​នេះ​ជា​អ្វីមួយ​ដែល​អ្នកស្រាវជ្រាវ ក្រោយមកទៀត​ដូចជា លោក ដឺ​ឡា​ហ្សុ​ង​គី​យ៉ែ​រ៍ និង​ហ្គ្រោ​លី​យេ​រ៍ បាន​គោរព​ប្រតិបត្តិ​តាម​រហូត​បច្ចុប្បន្ន​។​
​    ​ដូច​ទើប​ពោល ពាក្យ​ថា គុក (Kuk) ជា​ពាក្យ​ខ្មែរ ដែល​តាម​ធម្មតា មានន័យថា ប្រាសាទ​ជា​ហូរហែ​។ រីឯ​ពាក្យ​សម្បូរ គឺជា​ឈ្មោះ​របស់​ភូមិ​មួយ​ដែល​ស្ថិត​ជិត​ក្រុម​ប្រាសាទ​ទាំងនោះ​។ ចំណែក​ពាក្យ​ព្រៃ​វិញ សំដៅ​ព្រៃឈើ​។ សេចក្តី​ត្រង់នេះ មាន​សារសំខាន់​ណាស់ ព្រោះ​ពាក្យ​គុក ត្រូវ​បានឮ​ហើយ កត់ត្រា​នៅ​ចុង​សតវត្សរ៍​ទី ១៩ និង ដើម​សតវត្សរ៍​ទី ២០ មកម្ល៉េះ ដោយ​ប្រវត្តិវិទូ​ដ៏​ល្បីៗ ដែល​បាន​អញ្ជើញ​មក​ស្រាវជ្រាវ​ក្រុម​ប្រាសាទ​ទាំងនោះ​មុនគេ​។​
​    ​ដូចនេះ ពាក្យ​ទាំងបី​ម៉ាត់ សម្បូរ​ព្រៃ​គុក​នេះ មានន័យ​យ៉ាង​ជាក់ច្បាស់​ថា ’​ព្រៃស្តុក ដោយ​គុក ឬ​ប្រាង្គ​ប្រាសាទ​” (La foret aux tours) ហើយ​សំដៅយក​ក្រុម​ប្រាសាទ​ទាំងឡាយ ដែលមាន​នៅលើ​ទីតាំង​នេះ​ទាំងមូល​។ 
​ជា​អវសាន ពាក្យ​គុក​នេះ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​ជាតិ​យើង ប្រើប្រាស់​ជា​ផ្លូវការ​រហូតដល់​សព្វថ្ងៃ​ដែរ ម្ល៉ោះហើយ ពាក្យ​គុ​ហ៍ ត្រូវ​ទុក​ថា​ជា​មោ​ឃៈ​៕F
 (​ម​.​ត្រា​ណេ​) 

ប្រាសាទត្នោតជុំ​ខាងលិច នៅ​ខេត្តកំពង់ធំ​

ស្ថិតនៅ​ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មាន​ចម្ងាយ​ប្រមាណ​ជា ៤,៦​គ​.​ម ពី​កំពង់ថ្ម ប្រាសាទត្នោតជុំ​ត្រូវបាន​កសាងឡើង​ក្នុងអម្លុង​ស​.​វ​ទី​១០​នៃ​គ​.​ស​។ ប្រាសាទត្នោតជុំ ដែលជា​ប្រាសាទ​ទោល​កសាង​អំពី​ឥដ្ឋ មាន​រាង​ជា​៤​ជ្រុង​ស្មើ ហើយ​មាន​គូ​ទឹក​ហ៊ុំព័ទ្ធ​ជុំវិញ តែ​បាន​រីងស្ងួត​ទៅហើយ​។ ជ្រុង​នីមួយៗ​នៃ​បូជនីយដ្ឋាន​នេះ មាន​ប្រវែង ៤,៤០​ម ហើយ​សំណង់​ស្ថាបត្យកម្ម​នេះ​នៅឡើយ​។ លើកលែងតែ​ផ្ទាំង​ផ្តែរ ទើបតែ​ធ្លាក់​ជ្រុះ​នៅលើ​ដីកា​លពី​ឆ្នាំ ១៩៩៦ តែប៉ុណ្ណោះ​។​
ប្រាសាទត្នោតជុំ ខាងលិច និង ក្បាច់​ផ្តែរ​ដែល​ជ្រុះ​លើដី (​ម​.​ត ១៩៩៤)
​    ​ខុសពី​ប្រាង្គ​ប្រសាទ​ដទៃៗ​ឯទៀត​ក្នុង​ជំនាន់​នោះ ប្រាសាទត្នោតជុំ បែរមុខ​ទៅ​ទិស​ខាងជើង ហើយ​ដំបូល​មាន ៤​ថ្នាក់ ត្រួត​លើ​គ្នា​យ៉ាង​សមសួន​។ ជា​អកុសល ថ្ម​លំអ​កំពូល​ប្រាសាទ បាន​បាត់បង់​ទៅហើយ​។ ក្បាច់​សសរ​ពេជ្រ​មាន​៨​ជ្រុង មាន​ចម្លាក់​ជា​ខ្សែបន្ទាត់​ជាច្រើន​ជាន់​។​
​    ​សូមបញ្ជាក់​ផងដែរ​ថា នៅលើ​ផ្តែរ​យើង​បានឃើញ​កាលពី​ឆ្នាំ ១៩៩៥ នូវ​ចម្លាក់​ព្រះ​ឥន្ទ្រធិរាជ​ប្រថាប់​លើ​ដំរី ហើយ​នៅ​ពី​ផ្នែក​ខាងលើ​មាន​ឆ្លាក់​រូប​មនុស្ស​ជា​ជួរ​គួរ​ឲ្យ​ចាប់អារម្មណ៍​។ នៅទីនេះ​ដំរី​មាន​ក្បាល​មួយ​ទេ ហើយ​អមដោយ​តោ​ពីរ ដែល​កំពុង​ខ្ជាក់​ក្បាច់​ស្លឹកឈើ ដោយនៅ​ខាងចុង​មាន​រូប​ម្ករ​ខ្ជាក់​តោ​។ បើ​យោង​លើ​សំណៅ​សិលាចារឹក​ដែល​គេ​ផ្តា​ម​លេខ​រៀង K.143 យើង​ដឹងថា មាន​អំណោយ​ជា​ដីព្រៃ​រំដេង ថ្វាយ​ចំពោះ​មូលនិធិ​សាសនា​របស់​ព្រះអាទិទេព​នៃ​លិង្គ​បុ​រៈ និង​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ដែល​បាន​សោយ​ទិវង្គត​ទៅហើយ ព្រះនាម​ថា អ​ង្វេ​ទន្លេ ហើយ​តាម​សំណូមពរ​របស់​ម្រា​តា​ញ​ស្រី សង្គ្រាម​ទ​រុន នៅ​ឆ្នាំ ៩៥២ ព្រះមហាក្សត្រ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន បាន​ត្រាសបង្គាប់​ឲ្យ​គេ​កំណត់​ព្រំប្រទល់​ដី ហើយ​នៅ​ឆ្នាំ ៩៧៧ ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ ទ្រង់​បាន​ស្ថាបនា​បូជនីយដ្ឋាន​ដ៏​សំខាន់​នេះ ដោយ​ទ្រង់​ថែមទាំង​ប្រទាន​អ្នកបម្រើ​ចំនួន ១៥​នាក់ និង​សត្វពាហនៈ​មួយចំនួន​ផង​។​
​    ​ម្យ៉ាងវិញទៀត នៅ​ចុង​អត្ថបទ​នៃ​សិលាចារឹក យើង​ក៏បាន​ឃើញ​នូវ​ពរជ័យ​ចំពោះ​ជន​ណា​ដែល​ថែរក្សា​ប្រាសាទ​នេះ និង​ពាក្យ​បណ្តាសារ​ចំពោះ​ជន​ណា​ដែល​បំផ្លាញ​។​
​    ​សូមបញ្ជាក់​ផងដែរ​ថា នៅពេល​ចុះទៅ​សិក្សា នៅ​ឆ្នាំ​១៩៩៤ យើង​បានឃើញ​បង្គោល​ថ្ម​មួយ​មាន​ឆ្លាក់​រូប​នៃ​ព្រះពុទ្ធ​៣​អង្គ ក្នុង​ឥរិយាបទ​សមាធិ ព្រមទាំង​សីមា​វត្ត​មួយចំនួន​។ ជាហេតុ​នាំ​ឲ្យ​ឃើញថា នៅលើ​ទីតាំង​នៃ​ប្រាង្គ​ប្រាសាទ​នេះ មានការ​គោរពបូជា​ល​ទ្ធិ​ព្រះពុទ្ធសាសនា​ផងដែរ​។ ក៏ប៉ុន្តែ អ្វីដែល​ទើប​ពោល គឺ​គ្រាន់តែ​ជា​គំនិត​មួយ​តែប៉ុណ្ណោះ​។ ព្រោះ​គ្មាន​ហេតុផល អ្វីដែល​ហាម​យើង​មិន​ឲ្យ​និយាយថា បង្គោល​សីមា​វត្ត​ទាំងនោះ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​ថ្ម​នៃ​ប្រាសាទ​ចាស់​។ មានន័យថា បង្គោល ឬ​សន្លឹក​សីមា​វត្ត​ទាំងនោះ និង​សំណង់​ប្រាសាទ​មិនត្រូវ​បាន​កសាងឡើង​ក្នុង​សម័យកាល​តែមួយ​ទេ ពោលគឺ​នៅ​សម័យ​ក្រោយ​៕ (​ម​.​ត្រា​ណេ​) 

ប្រភព​នៃ​ឈ្មោះ​ក្រុម​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ នៅ​ខេត្តកំពង់ធំ

នៅក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​សម័យ​ចេនឡា​ពី​ចុង​សតវត្ស​ទី​៦ ដល់​សតវត្ស​ទី​៨ វិស័យ​ស្ថាបត្យកម្ម​មាន​ភាព​លូតលាស់​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង​ក្រែ​លែង ។ ក្នុងនោះ​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ ដែលជា​សំណង់​សាសនា​ដ៏​ពិសិដ្ឋ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ដូច​ករណី​ក្រុម​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​ដែល​បាន​សាងសង់ឡើង ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្មញសាសនា ជាពិសេស​គណ​សិវ និង​វិស្ណុ​និយម ។​
​    ​ក្រុម​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ ស្ថិតនៅ​ខាងស្តាំ ហើយ​ឆ្ងាយ​ពី​ដង​ផ្លូវលំ ទៅកាន់​ក្រុម​ប្រាសាទ​តា​មាន ប្រមាណ​ជា​៦០០​ម៉ែត្រ ។ ម្យ៉ាងវិញទៀត ក្រុម​ប្រាសាទ​ខាងលើនេះ​ក៏​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុម​ប្រាសាទ​មួយក្រុម​ទៀត ដែលមាន​ឈ្មោះថា ក្រុម​ប្រាសាទ​របង​រមាស ពោលគឺ​ត្រឹមតែ​១០០​ម៉ែត្រ នៅ​ទិស​ត្បូង​ឆៀង​ខាងកើត​តែប៉ុណ្ណោះ ។ នេះ​បើតាម​ការប៉ាន់ស្មាន​រប​ស់​យើង​នៅ​ឆ្នាំ​១៩៩៤-១៩៩៥ ក្នុងខណៈ ដែល​ទីតាំង​នៃ​ក្រុម​ប្រាសាទ​ទាំងនោះ មិនទាន់​ត្រូវបាន​ឆ្ការ​នៅឡើយ​ដោយ​អភិរក្ស​ដ្ឋា​ន​អង្គរ ក្រោម​ការដឹកនាំ​របស់​លោក អួ​ង វន ។ មាន យើង​ជា​អ្នកទទួលបន្ទុក​ខាង​ផ្នែក​ការពារ​បេតិកភណ្ឌ​ជាតិ ។​
​    ​តើ​ឈ្មោះ​នៃ​ក្រុម​ប្រាសាទ​គ្រប់លក្ខណ៍​ខាងលើនេះ ដែលជា​រួមមាន​សំណង់​ស្ថាបត្យកម្ម​ប្រាសាទបុរាណ​ទាំងអស់​ចំនួន​៦​គឺ K9, K11, K12, K13 និង K16 នោះ មាន​អត្ថន័យ​យ៉ាងដូចម្តេច ហើយ​មាន​ប្រភព​មកពីណា​ដែរ ។​
ប្លង់​ក្រុម​ប្រាសាទ​ស្រី​គ្រប់​លក្ខ និង ចម្លាក់​នាង​យមុនា នៅ​ប្រាសាទ K.10 ឬ F (Cf. Bruno Bruguier, Juliette Lacroix, 2010. Sambor Prei Kuk et le bassin du Tonl– Sap, Guide arch–ologique du Cambodge, Tome II)

​    ​ជាបឋម​អ្វីដែល​គួរកត់សម្គាល់ គឺថា តាំងពី​បុរាណកាល​មក ប្រជាជន​ខ្មែរ​ដែល​រស់​នៅតាម​ភូមិ​ស្រុក ក្នុង​ព្រះរាជណាចក្រ​កម្ពុជា ពិសេស​ក្បែរ​ប្រាសាទបុរាណ​បាក់បែក បាន​យកឈ្មោះ​របស់​មនុស្ស ទេវតា រុក្ខជាតិ ភ្នំ ឬ​ពណ៌ ជាដើម ដើម្បី​តាំង​ឈ្មោះ ឲ្យ​ប្រាសាទ​យ៉ាង ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ។ ដូចនេះ​តាមរយៈ​ការស្រាវជ្រាវ​ក៏​ដូច​ការ​ស៊ើបសួរ​ព័ត៌មាន​ពី​អ្នកស្រុក​កន្លងមក (១៩៩៣-១៩៩៧) បាន​ឲ្យ​ដឹងថា ឈ្មោះ ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​ខាងលើនេះ មិនមែនជា​រឿង​ចៃដន្យ​កើតឡើង​ដោយ​ខ្លួ​ឯង ។ ក៏ប៉ុន្តែ​ជាប់​ពាក់ ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា​បែប​ព្រហ្ម​ណ៍​និយម​ទៅវិញ ។ បើ​និយាយ​ម្យ៉ាងទៀត ការតាំង​ឈ្មោះ​ស្រី​គ្រប់លក្ខណ៍ ដូច្នេះ​ហាក់ដូចជា​សមស្រប​ទៅនឹង បរិបទ​វប្បធម៌​របស់​ប្រជាជន​ខ្មែរ​រស់នៅ​ទីនោះ ដែល​ពីមុន​បាន​កាន់​លទ្ធិ​ព្រហ្មញ្ញសាសនា ដើម្បី​ងាយស្រួល និង​សម្គាល់​លក្ខណៈ​របស់​ប្រាង្គ ប្រាសាទ​ទាំងនោះ ស្របតាម​និ​ន្ន​នា​ការ​មនោ​គម​វិទ្យា​សាសនា ។ ខាងលើនេះ គឺ​ការប៉ាន់ស្មាន​ក្នុងដំណាក់កាល​ដំបូង ដែល​បន្ទាប់មក​ក៏ត្រូវ បាន​គូសបញ្ជាក់​តាមរយៈ​រប​ក​គំហើញ​ខាង បុរាណវិទ្យា គឺ​រូបចម្លាក់ ។ សូម​រំលឹកថា ឈ្មោះ​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ គឺជា​ឈ្មោះ​សំដៅទៅ លើ​ព្រះអាទិទេព ភេទ​ស្រី​មួយអង្គ ដែល​គេ​បាន​ធ្លាក់​នៅលើ​ស៊ុមទ្វារ​ថ្ម​នៃ​ប្រាសាទ K10 ដែលជា​ប្រាសាទ​សំខាន់​ជាងគេ​ក្នុង​បណ្តា ប្រាសាទ​នានា ដោយមាន​ហោត្រៃ​ពីរ ឆ្វេង ស្តាំ អម​សងខាង ។ តួនាទី​ចម្បង​របស់​ប្រាសាទ​នេះ​ក៏ត្រូវ​បានបង្ហាញ ឬ​ឆ្លុះបញ្ចាំង​តាមរយៈ​អត្ថបទ សិលាចារឹក ដ៏​វែង​មួយ​ជា​ភាសាសំស្ក្រឹត​ចា​រលើ​សសរស្តម្ភ​ខាងជើង​នៃ​ប្រាសាទ​ដែលមាន​មុខ​បែរ​ទៅ​ទិសខាងកើត​ដែរ ។ ត្រង់នេះ បើ​ធ្វើការ​ពិចារណា គេ​នឹង​ឃើញថា ការតាំង​ឈ្មោះ​បែបនេះ ក៏​ដោយសារតែ​ចម្លាក់​ខាងលើនេះ ដែល​តំណាង​ឲ្យ​ព្រះ នាង​យមុនា ឬ​ព្រះ​នាង​គង្គា​មកពី ឥណ្ឌា​ដែលជា​ទេពធីតា​នៃ​ទន្លេ​បឹងបួរ​ប្រកបដោយ​គុណសម្បត្តិ​គ្រប់ប្រការ ឬ​គ្រប់ លក្ខណៈ ។​
​    ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ការតាំង​ឈ្មោះ​នៃ​ក្រុម​ប្រាសាទ​ឥដ្ឋ​នា​សម័យ​បុ​រេ​អង្គរ ខាងលើនេះ ត្រូវបាន​អនុវត្តន៍​ឡើង​ដោយសារ តែ​ជំនឿ​លើ​ព្រះ​បារមី​ជ័យ​ចេស្តា​របស់​ព្រះអាទិទេព​ភេទ​ស្រី​ដែរ ។ ព្រោះ​ប្រជាជន​ខ្មែរ​តាំងពី​យូរលង់​ណាស់​មកហើយ តែងតែ​គោរពបូជា ព្រះអាទិទេព​អង្គ​នេះ ដែល​ក្រៅពី​សោភ័ណភាព ឬ​សម្រស់ និង ចរិយា​សម្បត្តិ​ឥតខ្ចោះ​របស់​ស្ត្រីភេទ ដែលជា​តម្លៃ​សកល​នោះ ព្រះ​នាង​ក៏​តំណាង​ឲ្យ​ភាព​ផូ​ផង់​នៃ​ជីវិត​ផងដែរ ។​
​    ​កាន់តែច្បាស់​ជាង​នេះ នៅមាន​លក្ខណៈពិសេស​មួយ​ទៀត ដែល​គប្បី​ត្រូវ​លើក​បង្ហាញ​នៅទីនេះ​ដែរ ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​និមិត្តរូប ប្រាកដ​របស់​ចម្លាក់​ខាងលើ គឺ​ព្រះ​នាង​តំណាង​ឲ្យ​ទឹក​ដែលជា​ប្រភព​នៃ​ជីវិត ។ កុំភ្លេចថា ចំពោះ​ខ្មែរ​បុរាណ ទឹក​គឺជា​ជីវិត ហើយ​ទីណា​មាន ទឹក​គឺមាន​ជីវិត ។ ហើយ​ទឹក​នៅទីនេះ​តំណាង​ដោយ​រូប​សត្វ​អណ្តើក​ដែល​ព្រះ​នាង​ជាន់​ពីលើ​ជា​សក្ខីកម្ម​ស្រាប់ ។ បើតាម​ប្រសាសន៍​របស់​អ្នក ស្រុកភូមិ​ចាស់ៗ ពី​សម័យ​ដើម​គេ​រមែងតែ​មក​ទីនេះ​បន់ស្រន់​អង្វរ​រក​ព្រះ​នាង ដើម្បី​សូម​ទឹកភ្លៀង​ធ្វើស្រែ​ចំការ ដោយមាន​កា​រប​ញ្ជូ​ល​រូប​ថែម ទៀតផង (​តុលា ១៩៩៤) ។ តែ​ឥឡូវនេះ​ក្រោយពី​ឆ្នាំ​១៩៧០ ប្រពៃណី​នេះ​ក៏ត្រូវ​អាសាបង់​ទៅ ។​
​    ​រួម​សេចក្តី​មក ការ​ឆ្លាក់​រូប​ព្រះ​នាង​គង្គា​ដែល​ប្រថាប់​ឈរ​ក្រោម​ឆ័​ត្រ ហើយ​ជើង​ជាន់​លើស​ត្វ​អណ្តើក នៅលើ​ប្រអប់ទ្វារ​នៃ​ប្រាសាទ ដែល​អ្នកស្រុក​ចាត់ទុក​ថា ជា​ព្រះ​នាង​ស្រី​គ្រប់លក្ខណ​នោះ និង​ការតាំង​ឈ្មោះ នៃ​ក្រុម​ប្រាសាទ​នេះ​ថា ជា​ក្រុម​ប្រាសាទ​ស្រី​គ្រប់លក្ខណ បញ្ជាក់​យ៉ាងច្បាស់​ផងដែរ​អំពី​តួនាទី និង​សារសំខាន់​នៃ​ប្រាង្គ​ប្រាសាទខ្មែរ ដែល​បង្កប់​នូវ​អត្ថន័យ​ស៊ីជម្រៅ​គួរ​ឲ្យ​យកចិត្តទុកដាក់​ជាទីបំផុត ៕ (​ម​.​ត្រា​ណេ​) 

ផ្ការំដួល

រំដួល (Mitrella Mesnyi) គឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជា ប្រភេទដើមឈើដែល មានកម្ពស់ចាប់ពី 3-15 ម. សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណះ គ្រើមៗបែកមែកសាខា ស្លឹកទោលរៀង តែផ្ទុយគ្នា រលោង ស្រួចចុង ពណ៌បៃតងចាស់។ ចំណែកឯ ផ្នែកខាង ក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌ លឿងក្លិនក្រអូប មាន២ស្រទាប់ ស្រទាប់ទាំងពីរមានលក្ខណះស្រដៀងគ្នា មានកម្រាស់ក្រាស់ ហើយរឹង។ ផ្ការំដួលមាន ៦ ត្របក រៀងគ្នាជា ២ ស្រទាប់ ក្នុង ១ ស្រទាប់មាន ៣ ត្របកហើយត្របក ខាងក្នុងមានខ្នាតតូច និងកោងជាង ចុងត្របកមានលក្ខណះស្រួច ចាប់ផ្តើមផ្កាពីខែធ្នូ - មីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ប្រមាណជា 1-2 គ្រាប់ ជាលក្ខណះកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជាៈ សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម កេសរអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។
ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ បច្ចុប្បន្នគេអាចរក មើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រៅពីយកផ្ការំដួលដំណាងឲ្យប្រទេស កម្ពុជាហើយនោះខាងមន្ទីរកសិកម្មក៏បានយកផ្កានេះដំណាងឱ្យវិស័យកសិកម្មទៀតផង។ ដូចនេះ ប្រជាជនខ្មែរគ្រប់រូបពិសេសយុវជនខ្មែរទាំងអស់ចូរចងចាំ និងធ្វើខ្លួនឱ្យមានក្លិនក្រអូប និងស្រស់ស្អាត ដូចជាផ្ការំដួលដែលតំណាងឱ្យប្រទេសក៏ដូចជាខ្លួនផ្ទាល់។